ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា មន្ទីរពេទ្យជាតិតេជោសន្តិភាព ជាកន្លែងមួយប្រមូលផ្តុំទទួលព្យាបាលអ្នកជំងឺ ដែលជាកន្លែងរែកពន់ជួយមន្ទីរពេទ្យផ្សេងៗក្នុងរាជធានីភ្នំពេញ។


ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” នាព្រឹកថ្ងៃ២៤ តុលា សម្តេចធិបតីគូសបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំពេទ្យដែល មានលក្ខណៈទ្រង់ទ្រាយធំបែបនេះ គឺជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ដោះស្រាយបញ្ហាចំពោះមុខនូវកំណើននៃជំងឺផ្សេងៗ។ កន្លែងដែលប្រមូលផ្តុំនៅទីនេះ ហើយជាកន្លែងមួយដែលជួយរែកពន់នូវបន្ទុកនូវមន្ទីពេទ្យផ្សេងៗដែលមាននៅក្នុងរាជធានីភ្នំពេញ»។

សម្តេចធិបតីបន្តថា មន្ទីពេទ្យជាតិតេជោសន្តិភាពនេះ គឺជាកន្លែងមួយសម្រាប់ដោះស្រាយបញ្ហាជាចាំបាច់ណាមួយដែលកើតឡើងដោយមិនដឹងជាមុន ដូចជាជំងឺកូវីដ១៩ដែលកើតឡើងពេលកន្លងមកអីចឹង។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា «អីចឹងយើងរៀបចំពេទ្យដែលធំនេះ គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន តែក៏មានអ្នកខ្លះថា ហេតុអ្វីធ្វើពេទ្យច្រើនម្ល៉េះ បើកម្ពុជាប្រទេសតូចមួយអីចឹង? យើងធ្វើស្ថិតក្នុងលក្ខណៈគិតវែងឆ្ងាយព្រោះថា យើងមានបទពិសោធន៍រួចហើយ(ជំងឺកូវីដ) យើងបំរុងទុក នៅពេលមានករណីកើតឡើងជាយថាហេតុ យើងនឹងប្រើវា ។ ហេតុនេះហើយយើងសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាការគិតត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន»។


ក្នុងឱកាសនោះដែរ សម្តេចធិបតីលើកឡើងទៀតថា មន្ទីរពេទ្យជាតិតេជោសន្តិភាពនេះ មិនមែនបើកព្យាបាលជំងឺសម្រាប់តែពលរដ្ឋក្នុងរាជធានីភ្នំពេញនោះទេ គឺសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស និងបណ្តាខេត្តនានាដែលត្រូវការការព្យាបាល។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ការបំពាក់សម្ភារៈពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មិនអាច ទៅបានទេ បើសិនគ្មានកាដឹកនាំ និងការប្រតិបត្តិប្រកបដោយការទទួលខុសត្រូវ ៕
