ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលខេត្តព្រះសីហនុ ក្នុងការទាក់ទាញ អ្នកវិនិយោគ។
ការសន្យានេះ ធ្វើឡើងក្នុង ជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
លោក គួច ចំរើន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងមានគោលនយោបាយ សម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូខេត្តលីវនីង និងបន្ថែមទំនាក់ទំនងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ។
លោក Wang Mingyu អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ។ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់នៅខេត្តព្រះសីហនុ ស្របពេលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំផ្លូវ និងខ្សែក្រវ៉ាត់នៅចិន ធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិកា ផ្លូវនិងខ្សែក្រវ៉ាត់។
ប្រធានគណៈប្រតិភូបន្តថា កាលពីឆ្នាំ២០១៩ គណៈប្រតិភូខេត្តលីវនីងបានធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ និងក៏បានចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុងព្រះសីហនុផងដែរ ដំណើរទស្សនកិច្ចនាពេលនេះ នឹងជួយជំរុញអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសឲ្យមានការអភិវឌ្ឍកាន់តែលឿន ហើយនឹងបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុទស្សនកិច្ចនៅខេត្តលីវនីង ។
លោកប្រធានគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគ សមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងទេ នឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀត ក្នុងប្រទេសចិន។
លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើវិស័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តលីវនីងផងដែរ និងជួយបណ្តុះបណ្តាលនិស្សិតរបស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក គួច ចំរើន ទទួលយកសំណើរបស់ប្រតិភូខេត្តលីវនីង ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តលីវនីង តាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលីវនីង និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ ទៅសិក្សានៅខេត្តលីវនីងនៅពេលខាងមុខ៕