ព័ត៌មានជាតិ

ត្រៀមCV!ឱកាសការងារជាង ៤០០ កន្លែងកំពុងរង់ចាំអ្នក ក្នុងវេទិកាការងាររបស់ NEA ចុងខែតុលានេះ

ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារ និងកម្មសិក្សាការងារ ចំនួន ៤៤២ កន្លែង សម្រាប់ សិស្ស​ និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនធំៗទាំង៧ នោះរួមមាន៖ ធនាគារ WOORI, និងធនាគារ ស្ថាបនា, ក្រុមហ៊ុន JACCS, ក្រុមហ៊ុន EMD (F&D) Co,Ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន CBS និងក្រុមហ៊ុន MR Training។ ចំពោះសិស្ស​ និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា Woori ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ក្នុងការជួយដល់ធនាគារជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA ធនាគារ Woori តែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ។
លោកបន្ថែមទៀតថាទីតាំង NEA គឺជាកន្លែងជួបគ្នារវាង តំណាងក្រុមហ៊ុន (និយោជក) និងអ្នកស្វែងរកការងារធ្វើ (និយោជិត) ដ៏មានប្រសិទ្ធភាព។

លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។
លោកសូមថ្លែងអំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុនពិសេស Woori ក្នុងការជ្រើសរើសបុគ្គលិក។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

To Top