ព័ត៌មានជាតិ

កម្ពុជា គាំទ្រគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដោយឈរលើគោលដៅសំខាន់៣

រូបភាពពី៖​ SHS MEDIA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ភាគីជប៉ុន ថា កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុងនោះ កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដោយឈរលើគោលដៅ សំខាន់៣។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុង ឱកាសសម្តេចតេជោ ហ៊ុន សែនទទួលជួបពិភាក្សាការងារជាមួយ លោក គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។

សម្តេចតេជោមានប្រសាសន៍ ពីតួនាទីរបស់ជប៉ុន ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការសហប្រជាជាតិ ដែលសក្តិសម ទទួលបាននូវតួនាទីកំពូលនោះ។

សម្តេចតេជោបន្តថា ថ្វីត្បិតតែសម្តេចលែងកាន់អំណាច តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមាននយោបាយប្រែប្រួល ក្នុងនយោបាយការបរទេស របស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោបញ្ជាក់ថា «កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដែលគំនិតផ្តួចផ្តើមនោះ ឈរលើគោលដៅសំខាន់៣ គឺទី១.បម្រើឱ្យសន្តិភាពនិងការអភិវឌ្ឍ ទី២.មិនប្រឆាំងនិងប្រទេសណាមួយ និងទី៣.គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន»។

សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ ចំពោះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បើទោះបីជាឆ្លងកាត់នូវការរីករាលដាល នៃជំងឺកូវីដ១៩ ការវិនិយោគរបស់ជប៉ុនមានការកើនឡើង។

សម្តេចតេជោ ផ្តល់នូវសេចក្តីសង្ឃឹមថា ជប៉ុននឹងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលត្រូវតែលើកកម្កើន ក្នុងនោះសម្តេចបានសំណូមពរ ឲ្យមានការជំរុញការអភិវឌ្ឍ នៅកំពង់ផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឲ្យជំរៅទឹកជ្រៅដើម្បីអាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស៕

To Top