ភ្នំពេញ៖ លោក គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូង របស់លោកមកកាន់កម្ពុជា កាលពីជាង២៥ឆ្នាំមុន។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ដែលជាវិរៈជនតែម្នាក់គត់ ដែលបានរួមជាមួយឥស្សរជនកម្ពុជា ជាច្រើនរូបទៀត ធ្វើការរំដោះប្រទេសកម្ពុជា ពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេស ឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្រ្គោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។
លោក ក៏បានសំដែងនូវការភ្ញាក់ផ្អើល ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូង របស់លោកមកកាន់កម្ពុជា កាលពីជាង២៥ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃ របស់សម្តេចតេជោ និងឥស្សរជន កម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។
លោកអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអមដំណើរដោយលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ៊្វរវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញនិងជាអ្នកសេដ្ឋកិច្ចមួយរូប ដែលបានមកកាន់ប្រទេសកម្ពុជា រយៈពេលជាង១០ឆ្នាំកន្លងមក បានឧទ្ទេសនាម ពីការងារដែលរូបលោក បានចូលមករួមចំណែក ក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច ជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។
សម្តេចតេជោបានសំណូមពរឲ្យ លោក អូគុប៊ុក បានបន្តការវិនិយោគនិងលើកទឹកចិត្ត ឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញ ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។
ដោយសាឆ្នាំ២០២៣នេះ គឺជាខួប៧០ នៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុន ភាគីទាំងពីរ និងប្រារព្ធកម្មវិធីរួមគ្នាជាច្រើន រួមទាំងការបាញ់កាំជ្រួច នៅមុខព្រះបរមរាជវាំង ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចតេជោ និងលោក គូម៉ូរ៉ា បានសំដែងការពេញចិត្ត និងរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរីករាយចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ និងពង្រីកលើគ្រប់វិស័យ។ ប្រទេសទាំងពីរ មានការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ ក្នុងនោះកម្ពុជាគាំទ្រជប៉ុន ជាសមាជិកអចិន្រៃ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលមានការកែទម្រង់។
លោក គូម៉ូរ៉ា បានកោតសរសើរចំពោះតួនាទី របស់សម្តេចតេជោ ក្នុងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនរឹងមាំ។ សម្តេចតេជោបានកោតសរសើ ចំពោះលោក គូម៉ូរ៉ា ដែលជាឥស្សរជន ជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ មានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មក៕