ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ចំពោះចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះវត្តមាន របស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូ តំណាងក្រុមហ៊ុនធំៗ របស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគ ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា ។

យោងតាម បណ្តាញតេឡេក្រាម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចធិបតី បានស្វាគមន៍ ចំពោះវត្តមាន របស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូ តំណាងក្រុមហ៊ុនធំៗ របស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគ ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់ អំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបើកចំហស្វាគមន៍ រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ។

ក្នុងជំនួបជាមួយ លោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងលោក IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងនាមជាដៃគូដ៏ល្អ របស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការ ភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាល អាចផ្តល់នូវការគាំទ្រជ្រោមជ្រែងតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ក៏អាចនិយាយបានថា គឺជាជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល ។

ក្នុងឱកាសនៃជំនួបនេះ លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចំនួន ២៥ រូប ក្នុងចំណោម ៧៥ រូប ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យភេសជ្ជៈនិងអាហារ, សវនកម្ម, ថាមពល, ឱសថ, ដឹកជញ្ជូន, និងថ្នាំជក់ ។ល។ នៅក្នុងទ្វីបអឺរ៉ុប បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមជាមួយនឹងការអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនឹងនេះ លោកប្រធាន EU-ABC បានសម្តែងនូវការកោតសរសើរ ចំពោះដំណើរការដោយរលូន នៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ និងក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នឹងបន្តមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យបន្ថែមទៀត ។

ដោយឡែក ក្នុងឱកាសនៃកិច្ចពិភាក្សានោះផងដែរ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន ៨ ជាអាទិ៍៖ ក្រុមហ៊ុន Heineken, KPMG, Shell, Zuelling Pharma, Danone, DHL, JTI, និង Airbus ធ្វើការលើកឡើងអំពីកង្វល់ និងសំណួរនានាពាក់ព័ន្ធទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយក្នុងនោះ សម្តេចធិបតី បានធ្វើការឆ្លើយតប និងផ្តល់អនុសាសន៍ដ៏ល្អជាក់ស្តែងជាច្រើន សម្រាប់ជាការតម្រង់ទិសបន្តទៅមុខ ស្របទៅតាមទិសដៅដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕

To Top