ព័ត៌មានជាតិ

សម្តេចធិបតី ៖ ថ្ងៃក្រោយ ពេលមានព្រែកជីក ហ្វូនណន សេដ្ឋកិច្ចតាមដងទន្លេ របស់កម្ពុជា នឹងរីកចម្រើនថែមទៀត

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នាពេលខាងមុខ ក្រោយពេលមានព្រែកជីកហ្វូនណនតេជោហើយ សេដ្ឋកិច្ចនៅតាមបណ្តាខេត្តតាមដងទន្លេ និងប្រជាជនកម្ពុជា នឹងកាន់តែមានជីវភាព រីកចម្រើនជាងមុនបន្ថែមទៀត ។

សម្តេចថា “នៅពេលយើងធ្វើគម្រោងព្រែកជីកហ្វូណន ទាញសមុទ្រឲ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រកាន់តែលឿន សេដ្ឋកិច្ចនៅតាមបណ្តោយដងទន្លេកាន់តែរីក”។

ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីសម្ដេចបានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” រវាងរាជរដ្ឋាភិបាល កម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាឱកាសសម្តេចបានអញ្ជើញចូលរួមវេទិកាផ្លូវ និងខ្សែក្រវ៉ាតហៅកាត់ថា BRI របស់ចិន នាទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ។ តាមសិក្សា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប ៕

To Top