ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ត្រៀមខ្លួនធ្វើបរិវត្តកម្មឌីជីថល ដើម្បីឲ្យការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស

ភ្នំពេញ ៖ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

នាឱកាសអញ្ជើញជាវាគ្និនក្នុងសន្និសីទ ស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីចល ហៅកាត់ថា GovTech ក្រោមប្រធានបទ «ស្ថានភាពបច្ចុប្បន្ន និងគោលដៅអនាគត នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល» នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ប៉ោ ភក្តិ បានថ្លែងថា «ក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាអោយការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយក្រសួងមហាផ្ទៃ បានរៀបចំផែនការសកម្មភាពធំៗចំនួន ១៤ចំណុច»។

លោកបន្ដថា តាមរយៈការសិក្សាបន្ថែមលើចំណុចគោលទាំង១៤នេះ ក្រសួងមហាផ្ទៃ បានកសាងផែនការយុទ្ធសាស្រ្តឌីជីថលនេះសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៨) ដោយក្នុងនោះក្រសួងមហាផ្ទៃ បានកំណត់នូវគោលដៅសំខាន់ចំនួន៤ គឺការងាររដ្ឋបាលនៅសេវាសាធារណៈ, ជំនាញបច្ចេកទេស, សុវត្ថិភាពសាយបឺរ, និងការងារស្រាវជ្រាវ នវានុវត្តន៍ ឌីជីថលនិងការបណ្តុះបណ្តាល។

លោកបន្ថែមថា ដើម្បីគាំទ្រចំពោះគោលដៅខាងលើ គឺមានយុទ្ធសាស្រ្តចំនួន៦ រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស, ការបញ្ជ្រៀបចំណេះដឹង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល, ការពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា, ការស្រាវជ្រាវអភិវឌ្ឈន៍ និងនវានុវត្តន៍បច្ចេកវិទ្យា, ការពង្រឹងនូវគុណភាពការងារសេវាសាធារណៈ, និងអភិបាលកិច្ចបច្ចេកវិទ្យា។

លោកគូសបញ្ជាក់ថា ក្រសួងក៏នៅមានយុទ្ធនាការ និងចង្កោមសកម្មភាពជាច្រើនទៀត ដើម្បីគាំទ្រធ្វើយ៉ាងណាសម្រេចចក្ខុវិស័យ និងបេសកម្មរយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ លើការងារឌីជីថលនេះផងដែរ។

សូមបញ្ជាក់ថា សន្និសីទស្ដីពី “ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថាសន្និសីទ GovTech គឺជាសន្និសីទលើកដំបូងសម្រាប់កម្ពុជា ដែលធ្វើឡើងដើម្បី ជាវេទិកាប្រមូលផ្ដុំសម្រាប់មន្ត្រីបច្ចេកទេសឌីជីថលពីបណ្តាក្រសួង-ស្ថាប័ន អ្នកតំណាងខាងវិស័យឯកជន និងអ្នកតំណាងដៃគូអភិវឌ្ឍន៍ ចែករំលែកបទពិសោធ ឧត្តមានុវត្ត និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល និងបង្កើនភាពស្និទស្នាល បង្កើតដៃគូសហការ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍អំពីបច្ចេកវិទ្យាឌីជីថលចុងក្រោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថល៕

To Top