សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងរៀបចំ “ទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២៣ (Cambodia Women Entrepreneurs Day)” ក្រោមប្រធានបទ “សហគ្រិន និងពន្ធ” នៅថ្ងៃសោរ៍ ទី១១ ខែវិច្ចិកា ឆ្នាំ២០២៣ នៅផ្សារទំនើប Chip Mong 271 Mega Mall។
ទិវាដ៏ធំអស្ចារ្យមួយនេះប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីបណ្ដាសហគ្រិនស្ត្រីទូទាំងប្រទេសកម្ពុជា និងតំណាងសមាគមសហគ្រិនស្ត្រីពីគ្រប់តំបន់។ នៅក្នុងទិវានេះ នឹងមានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀត ជាពិសេស គឺនឹងមាន កិច្ចពិភាក្សាក្រោមប្រធានបទ “សហគ្រិន និងពន្ធ” ពីវាគ្មិនជំនាញ និងមានបទពិសោធន៍ នៅក្នុងវិស័យនេះ។
សមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក.) កំពុងបន្តធ្វើការងារឆ្ពោះទៅមុខ ដើម្បីផ្ដល់ឱកាសដល់ប្រព័ន្ធអេកូឡូស៊ី (ecosystem) របស់សេដ្ឋកិច្ចស្ត្រីជាធុរជន និង ធ្វើឲ្យរឹតតែល្អប្រសើរឡើងនូវលទ្ធភាពជោគជ័យរបស់អាជីវកម្មនានាក្នុងសហគមន៍ តាមរយៈការបង្កើតវេទិកានានា ដើម្បីអភិវឌ្ឍសកម្មភាពក្នុងភាពជាសហគ្រិន។
សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងវិភាគទានជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយមានការផ្តួចផ្តើម ដោយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពីឯកឧត្តម សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ។
Visit Us: www.cweacambodia.org