ព័ត៌មានជាតិ

ប្រធានបក្សប្រជាជន នឹងមិនប្រើប្រាស់សម្ព័ន្ធភាព ជាមួយបក្ស២៧ទៀត បង្កើនប្រជាប្រិយភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារឹកថា នឹងមិនប្រើប្រាស់សម្ព័ន្ធភាពជាមួយគណបក្ស២៧ផ្សេង ដើម្បីបង្កើនប្រជាប្រិយភាព របស់បក្សប្រជាជនឡើយ ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅវិមាន៧មករា ទីស្នាក់ការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៥ តុលា សម្ដេចតេជោមានប្រសាសន៍ថា បក្ស២៧ ដែលចុះហត្ថលេខា ចងសមព័ន្ធភាពជាមួយបក្សប្រជាជន មិនមែនជាកូនចៅរបស់បក្សប្រជាជនទេ ប៉ុន្តែជាដៃគូសហការដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ ។

សម្ដេចបន្តថា ការចងសម្ព័ន្ធភាពនេះ គឺមិនប៉ះពាល់ដល់ដំណើរ ការប្រជាធិបតេយ្យនៅកម្ពុជាទេ ផ្ទុយទៅវិញនឹងធ្វើឲ្យដំណើរ ការប្រជាធិបតេយ្យកាន់តែល្អប្រសើរ ។ ល្អប្រសើរដែលចង់និយាយដល់នោះគឺនៅត្រង់ថា បណ្ដាគណបក្សនយោបាយបើទោះមាននយោបាយខុសគ្នា ប៉ុន្តែគេអាចអង្គុយជាមួយគ្នា ដើម្បីជជែកគ្នាបាន ។

ឆ្លើយតបនឹងសំណួរថា ក្រោយបក្សប្រជាជនចងសម្ព័ន្ធភាព ជាមួយបណ្ដាបក្ស២៧ផ្សេងទៀត តើអស់បក្សប្រឆាំងឬនៅ? សម្ដេចតេជោ បញ្ជាក់ថា «ឥឡូវក្រុមប្រឆាំងកំពុងបង្កើតសម្ព័ន្ធភាព ដើម្បីប្រឆាំង វាអត់អស់បក្សប្រឆាំងទេ នៅតែមានប្រឆាំងហ្នឹង» ។

សម្ដេចបន្តថា បក្សទាំង ២៧ ដែលចងសម្ព័ន្ធភាពជាមួយបក្សប្រជាជន មិនមែនបានសេចក្ដីថា សុទ្ធតែស្របជាមួយបក្សប្រជាជនទេ ប៉ុន្តែគឺស្របគ្នាទៅលើគោលការណ៍ធំៗ ។ សម្ដេចថា ការចងសម្ព័ន្ធភាពនេះ ក៏មិនមែនជាការលុបចោលសំឡេងប្រឆាំងដែរ ខណៈសំឡេងប្រឆាំងមួយទៀត កំពុងឌឺដងមកលើយើង ។

សម្ដេចបន្ថែមថា សម្ដេចទទួលបានព័ត៌មានរាល់ថ្ងៃ ពីការប្រជុំរបស់ក្រុមប្រឆាំង ហើយពេលខ្លះឌឺដងជ្រុលហួសហេតុ តែសម្ដេចមិនតបត ។ សម្ដេចក៏បានផ្ដាំទៅក្រុមប្រឆាំងថា និយាយតែរឿងរបស់ខ្លួនឯងទៅ កុំនិយាយរឿងគេ វាប៉ះពាល់ដល់សិទ្ធិគេ ។ សម្ដេចថា ពង្រឹងតែគ្នាអ្នកឯងទៅ កុំចាំបាច់មកវាយប្រហារគេ ។

សម្ដេចប្រធានបក្សប្រជាជន សង្កត់ធ្ងន់ថា «គណបក្សប្រជាជនមិនស្វះស្វែង ប្រើប្រាស់សម្ព័ន្ធភាពនេះ ដើម្បីបង្កើនប្រជាប្រិយភាពទេ ប៉ុន្តែគណបក្សប្រជាជនស្វះស្វែង ឆ្លើយតបបំណងប្រាថ្នារបស់បក្ស១៨ផ្សេងទៀត ដើម្បីបម្រើឲ្យគោលដៅដែលមានចែងក្នុងកិច្ចព្រមព្រៀង ។ គណបក្សប្រជាជននៅតែឯង វាក៏មិនលើស ហើយក៏មិនខ្វះ ប្រៀបធៀបជាមួយការចងសម្ព័ន្ធភាព ប៉ុន្តែអ្វីដែលនៅត្រង់ថា គណបក្សប្រជាជន បានបង្កើតមិត្តជាមួយបណ្ដាគណបក្សនយោបាយដទៃទៀត ដើម្បីសហការលើគោលដៅធំៗ ដែលជាផលប្រយោជន៍អាយុជីវិតរបស់ជាតិ» ។

សម្ដេចតេជោបន្ថែមថា បក្សប្រជាជនមិនស្វះស្វែង ធ្វើអនុត្តរភាពលេបគណបក្សដទៃនោះទេ ខុសកាលពីទសវត្សរ៍៩០ មានគណបក្សខ្លះ លេបគណបក្សខ្លះនោះទេ ប៉ុន្តែបក្សប្រជាជនមិនធ្វើដូច្នោះទេ ផ្ទុយទៅវិញបក្សប្រជាជន ទុកដៃគូទាំងអស់ ជាដៃគូស្មើភាពស្មើសិទ្ធិជាមួយគ្នា ៕

To Top