ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ណែនាំវិស័យឯកជន ជំរុញចលនា «យុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក»

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំវិស័យឯកជនជួយជំរុញចលនា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាយុទ្ធសាស្ដ្រមួយ ក្នុងចំណោមយុទ្ធសាស្ដ្រនានា។

តាមរយៈលិខិត របស់ក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ដើម្បីថែរក្សាបរិស្ថានយើងឲ្យបានស្អាត និងរក្សាបាននូវអនាម័យល្អ ជាប្រយោជន៍ដល់ ការការពារសុខភាព និងសុខុមាលភាពសាធារណៈ ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ដែលជាយុទ្ធសាស្ដ្រមួយ ក្នុងចំណោមយុទ្ធសាស្ដ្រនានា ដែលក្រសួងបរិស្ថាន នឹងដាក់ចេញអនុវត្ត ជាបន្ដបន្ទាប់» ។

ក្រសួងបន្ដថា គ្រាន់តែក្នុងរយៈពេលមិនដល់៦០ថ្ងៃ ក្រោយដាក់ចេញយុទ្ធនាការនេះ មានសិស្សានុសិស្ស ទូទាំងប្រទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ បានចូលរួមប្រមាណជាង២លាននាក់ មកពីសាលាជាង៩០០០ ។ ទន្ទឹមនោះដែរ ក៏មានរោងចក្រ សហគ្រាសមួយចំនួនបានចូលរួម ក្នុងយុទ្ធនាការនេះផងដែរ។ លើសពីនេះទៀត កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវត្តអារាមមួយចំនួន ក៏បាននិងកំពុងចូលរួមយ៉ាងផុលផុស នៅទូទាំងប្រទេស ។

ដើម្បីឲ្យយុទ្ធនាការនេះ ក្លាយជាចលនាមួយមានកម្លាំងខ្លាំងក្លា អាចនាំឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងសំណល់រឹង ពិសេសសំណល់ប្លាស្ទិក ក្រសួងសុំណែនាំដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន ជួយជំរុញចលនាចូលរួម និងដឹកនាំបុគ្គលិក កម្មករទាំងអស់អនុវត្តយុទ្ធនាការនេះនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សំដៅជំរុញអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យ៕

To Top