ព័ត៌មានជាតិ

សម្តេចធិបតី សម្រេចដកទ័ពកម្ពុជា ចេញពីតំបន់ម៉ាលី ដោយសារអសន្តិសុខ ក្នុងតំបន់

រូបភាព ដើមអម្ពិល

កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា សូម្បីកងទ័ពយូអិន ដែលមានកងទ័ពកម្ពុជា នៅក្នុងនោះ ក៏ត្រូវបង្ខំចិត្ត ដកទ័ពចេញពីប្រទេសម៉ាលីដែរ ដោយសារតែសង្គ្រាម បង្កឲ្យអសន្តិសុខក្នុងតំបន់ ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងពេលចុះជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។

សម្តេចធិបតី មានប្រសាសន៍ថា “គ្មានប្រទេសណាមួយ សប្បាយរីករាយ នៅពេលដែលខ្លួន អសន្តិសុខទេ គ្មានប្រទេសណាមួយសប្បាយ នៅពេលដែលប្រទេសរបស់ខ្លួន ធ្លាក់ក្នុងភ្លើងសង្គ្រាមទេ កុំថាប្រទេសអ្នកមាន ប្រទេសអ្នកមាន” ។

សម្តេចធិបតីលើកឡើងថា “នៅអារ៉ាប់ នៅអ៊ីស្រាអែល អ៊ីស្រាអ៊ែលប្រទេសអ្នកមាន តែឥឡូវវាយគ្នារាល់ថ្ងៃ មិនបានសុខទេ ប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន វាយគ្នា សុទ្ធតែប្រទេសអ្នកមាន មិនបានក្តីសុខទេ ។ ប្រទេសច្រើនណាស់នៅអាហ្វ្រិក ប្រទេសមួយចំនួននៅមជ្ឈមបូព៌ា” ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ប៉ុន្មានថ្ងៃមុនខ្ញុំត្រូវផ្តល់ការឯកភាព ដើម្បីដកទ័ពយើងចេញពីម៉ាលី ដោយសារ UN ចាប់ផ្តើមជម្លៀសទ័ព ព្រោះបាត់ពីតំបន់ខ្លះ ដោយសារកន្លែងនោះ វានៅលែងបានទ័ព UN មួកខៀវ ក៏គេវាយដែរ” ។

សម្តេចធិបតី បន្តលើកឡើងថា “អត់ស្គាល់ទ័ពអ៊ុនតាក់ កាលជំនាន់អ៊ុនតាក់នៅនេះ យើងនៅនោះ UN ត្រូវសម្រេចដកកងទ័ព ប៉ុន្មានម៉ឺននាក់ ក្នុងនោះមានទ័ពយើងជិត១០០នាក់នៅទីនោះ បញ្ជាឲ្យដកទ័ពហើយកម្ទេចចោលសម្ភារៈទាំងអស់ ឡានយើងអាកាំម៉ាស់ប៉ុន្មានគ្រឿង មួយគ្រឿងជិត១០ម៉ឺនជាង ជាង១០ម៉ឺន ត្រូវយកអេស្កាវាទ័រវាយចោលនៅនឹងកន្លែង កម្ទេចចោលទាំងអស់ ហ្នឹងហើយប្រសិនបើវាបាត់សន្តិភាព សូម្បីអង្គការសហប្រជាជាតិក៏ដកថយដែរ” ។

គួរឲ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភលោក កំពុងរងការគំរាមកំហែង ដោយសារសង្គ្រាម ដោយប្រទេសធំៗមួយចំនួន បានចាប់ផ្តើមវាយលុក លើប្រទេសដទៃ ហើយបង្កឲ្យមានសង្គ្រាម តួយ៉ាង រុស្ស៊ី និងអ៊ុយក្រែន និងរយៈពេលចុងក្រោយនេះ ប្រទេសអ៊ីស្រាអ៊ែល និងក្រុមប្រយុទ្ធហាម៉ាស់ របស់ប៉ាឡេស្ទីនតែម្តង៕

To Top