ព័ត៌មានជាតិ

លោកស្រីអភិបាលរងរាជធានីភ្នំពេញ ៖ រាល់ការចុះវាស់វែងកំណត់ព្រំដី ពលរដ្ឋទួលសង្កែទី២ បើប៉ះពាល់ប្រឡាយ-ផ្លូវ ត្រូវឆ្លងស្ថាប័នជំនាញ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយពីពលរដ្ឋ សង្កាត់ទួលសង្កែទី២ ចំនួន៦៦គ្រួសារស្នើសុំឲ្យអាជ្ញាធរ ជួយពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ត្រូវបានលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា ការចុះវាស់វែង កំណត់ព្រំដី ដែលប៉ះពាល់ប្រឡាយ និងផ្លូវ របស់ពលរដ្ឋខាងលើនេះ ក្រោយពីកំណត់ហើយ ត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធ ទើបសម្រេចផ្តល់កម្មសិទ្ធិជូនបាន ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅខណ្ឌឬស្សីកែវ នាថ្ងៃ២៥ តុលា ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី២ ចំនួន៦៦គ្រួសារ ស្នើឲ្យអាជ្ញាធរ ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងកំណត់ព្រំដីយូរខែហើយ និងសុំដកបង្គោលភ្លើង លើផ្លូវលេខ១០៣ សុំឲ្យកែសម្រួលលើការផ្តល់សេវាធ្វើប៉ាស័្ពរ ដែលមានភាពមិនប្រក្រតីមួយចំនួន ការសុំផ្តល់សេវាទឹកស្អាត សុំឲ្យស្ថាប័នពាក់ព័ន្ធកំណត់ច្រាំងទន្លេ និងផ្លូវឲ្យបានច្បាស់ ក្រោយពីសម្រេចឲ្យពលរដ្ឋចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈផងដែរ។

ជាការឆ្លើយតបភ្លាមៗ លោកស្រី កែវ សុខពិសី បានលើកឡើងថា ដីធ្លីប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី២ ចំនួន៦៦គ្រួសារ គឺជាការចុះវាស់វែង កំណត់ព្រំដី ដែលប៉ះពាល់ប្រឡាយនិងផ្លូវ ក្រោយពីកំណត់ហើយត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធ ទើបសម្រេចផ្តល់កម្មសិទ្ធិជូន។ ចំពោះ ការផ្តល់សេវាធ្វើប៉ាស័្ពរនៅអ៊ីអន២នោះ គឺមានបារ៉ែម កំណត់តម្លៃត្រឹមត្រូវ។ ចំពោះការស្នើសុំផ្សេងៗទៀតនោះ អាជ្ញាធរនឹងដោះស្រាយជូនជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលនោះទេ។

ក្នុងនោះលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីបញ្ជាក់ ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ សំដៅធ្វើយ៉ាងណា ឲ្យការគ្រប់គ្រងរាជធានីភ្នំពេញ កាន់តែល្អប្រសើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ៕

To Top