ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សា ការងារ ជាមួយឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំនៅកម្ពុជា លោក Patrick Murphy នៅទីស្តីការក្រសួង ។

ក្នុងកិច្ចពិភាក្សា ដែលមានភាពជិតស្និទ្ធ និងត្រង់ទៅត្រង់មក លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងាររបស់ខ្លួន បានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកិច្ចសហប្រតិបត្តិការ គ្រប់ទិដ្ឋភាព នាពេលកន្លងមក ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ជម្រាបអគ្គរដ្ឋទូតអាមេរិក ពីចក្ខុវិស័យរួម របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារ ដែលមានបរិយាកាស និងលក្ខខណ្ឌការងារ កាន់តែល្អប្រសើរ និងមានសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីនិយោជកនិងកម្មករ និយោជិត អាចរក្សាបាន នូវឧត្តមប្រយោជន៍ របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹង ពាក់ព័ន្ធនឹងច្បាប់ការងារ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជា អាទិភាពសំខាន់ៗ មួយចំនួនទៀត ដែល រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ បានដាក់ចេញ លើការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈជូនយុវជន មកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១,៥លាននាក់ ដោយឥតគិតថ្លៃ ហើយទទួល បានប្រាក់ឧបត្ថមបន្ថែម ។ កម្មវិធីថ្នាក់ជាតិនេះ នឹងអាចជួយពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញ ជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួល បានឱកាសការងារ ដែលសំបូរបែប និង សមរម្យដោយមានការ ទទួលស្គាល់ពីទីផ្សារ ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតីជាប្រមុខ ក៏គ្រោងនឹង ផ្តល់របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមគោលការណ៍ស្ម័គ្រចិត្ត ដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិត តាមរយៈភាគទានស្ម័គ្រចិត្ត ចំនួន១៥, ៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាព ដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រ កាត់បន្ថយចំណាយនិង បង្កើនការសន្សំ ដល់កម្មកនិយោជិត ។

ក្រោយបានយល់ពីចក្ខុវិស័យរួម របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយ និង ចក្ខុវិស័យរបស់ក្រសួង ក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកប ដោយភាពស្និទ្ធស្នាលនោះ ភាគីទាំងពីរ បានឯកភាព បន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង បរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាជន្ទល់ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍក៏ ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕



