ភ្នំពេញ ៖ តាមការគ្រោងទុក នាវារុស្ស៊ី នឹងមកចូលសំចតនៅផែក្នុងខេត្តព្រះសីហនុ នាខែវិច្ឆិកាខាងមុខនេះ ដែលជាគម្រោងក្នុងការផ្តាស់ប្តូរ ក្នុងវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា-រុស្ស៊ី ។ នេះបើយោងតាមលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ។
យោងតាមខ្លឹមសារជំនួប រវាងសម្តេចធិបតី និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា នាថ្ងៃ២៦ តុលាបានឲ្យដឹងថា “សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ច របស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោង នៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម” ។
សូមរំលឹកថា កម្ពុជា-រុស្ស៊ី មានចំណងការទូត ជាប្រវត្តិសាស្ត្រយូរលង់ ប្រមាណ ៦៧ ឆ្នាំមកហើយ ខណៈឯកអគ្គរដ្ឋទូតរុស្ស៊ី ជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ៕