ព័ត៌មានជាតិ

សម្តេចធិបតី ៖ការពង្រីកវិនិយោគ របស់ក្រុមហ៊ុន Minibea ពិតជាស្តែងឲ្យឃើញទំនុកចិត្ត ចំពោះស្ថិរភាពនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានថ្លែងថា ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជាពិតជាបានស្តែងឲ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់កម្ពុជា។

ការលើកឡើងរបស់សម្តេចធិបតី នាឱកាសអនុញ្ញាតលោកលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានលើកឡើងពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minibea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួន្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។

ចំណែកសម្តេចធិបតី អបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឲ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minibea នៅក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea ពីព្រោះជោគជ័យរបស់ Minibea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា៕

To Top