ព័ត៌មានជាតិ

សម្តេចធិបតី ៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនចាប់បង្ខំពលរដ្ឋ ឲ្យប្រើប្រាស់ទេ

រូបភាពពី៖​ KAP

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋ ឲ្យប្រើប្រាស់សេវានោះទេ តែជាការធ្វើការដោយស្ម័គ្រចិត្ត។

នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃ២៧ តុលា ក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ សម្តេចធិបតីថ្លែងថា «អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺសូមពង្រឹង និងធ្វើការសហការជាមួយគ្នា។ កិច្ចការទាំងអស់នេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ជាក់ថា យន្តការថ្មីនេះ ការអនុវត្តគឺមិនមែន ធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឲ្យទៅប្រើសេវានេះទេ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋរបស់យើង»។

សូមបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាលម្អិត កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សា តាមកំណត់របស់ច្បាប់។ អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្រ្តី ១រូប ជាប្រធាន និងអមដោយអនុប្រធាន៤រូប (ជាទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌១រូប) ព្រមទាំងសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមាន អគ្គលេខាធិការដ្ឋាន មួយជាសេនាធិការ៕

To Top