ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើជប៉ុន ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីភាពវិជ្ជមាន លើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗ របស់កម្ពុជា ជូនទៅកាន់វិនិយោគិនជប៉ុន ។
នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំដឹកនាំកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន រួមជាមួយ លោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ចំពោះវិនិយោគិនជប៉ុនទាំងអស់ ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ។
លោកបន្ដថា នេះបានឆ្លុះបញ្ចាំងឲ្យ ឃើញពីការផ្តល់នូវសេចក្តីទុកចិត្តពីសំណាក់ វិនិយោគិនបរទេស និយាយជារួម និយាយដោយឡែកវិនិយោគិនជប៉ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការច្បាមយកកាលានុវត្តភាព ជាអតិបរមាពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បរិស្ថានវិនិយោគ ដែលមានភាពអនុគ្រោះ និងរបបវិនិយោគ ដែលបើកចំហអំណោយផល សម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែង។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ស្នើសុំឲ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមជាមួយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន(JETRO) និងសមាគមធុរកិច្ចជប៉ុន នៅកម្ពុជា (JBAC) ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិននានា និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗ របស់កម្ពុជា ពន្យល់ជូនទៅកាន់វិនិយោគិន ដែលមានសក្តានុពលក្នុងប្រទេសជប៉ុន» ។
នាឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា វត្តមានលោកឧបនាយករដ្ឋមន្ត្រី នឹងបន្តចូលរួមពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ស្តីពីការជំរុញ និងទាក់ទាញវិនិយោគ ប្រកបដោយគុណភាព និង ស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ជូន ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ ចំពោះក្ដីកង្វល់ និងសំណូមពរនានា របស់វិនិយោគិនជប៉ុន៕