ព័ត៌មានជាតិ

បេក្ខជនជិត ១០០ នាក់ជាប់ការងារបឋម និងស្ថាពរនៅក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២៧៩ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។

ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ៩៧ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះអ្នកសម្ភាសជាប់ស្ថាពរមានចំនួន ៤នាក់ និង ៩៣ នាក់ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តនៅក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ធនាគារ WOORI, និងធនាគារ ស្ថាបនា, ក្រុមហ៊ុន JACCS, ក្រុមហ៊ុន EMD (F&D) Co,Ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន CBS និងក្រុមហ៊ុន MR Training។

លោកស្រី ហែម សុជាតា ជាមន្ត្រីជ្រើសរើសបុគ្គលិកក្រុមហ៊ុន Mekongnet Demend លើកឡើងថា វេទិកាការងារជាកម្មវិធីមួយដ៏មានសារៈសំខាន់ ដើម្បីជួយដល់អ្នកដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។ លោកស្រីបន្ថែមថា សិស្ស/និស្សិត ឬអ្នកផ្លាស់ប្តូរការងារមិនគួរមើលរំលងវេទិកាការងារផ្សេងៗដែលរៀបចំឡើងដោយ NEA នោះទេ ព្រោះជាទីកន្លែងដែលជួយដល់ពួកគេឱ្យឆាប់ទទួលបានឱកាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ។

លោក នួន ភីណាន មន្ត្រីធនធានមនុស្សធនាគារ AEON លើកឡើងថា ធនាគារ AEON តែងតែសហការជាមួយនឹង NEA មិនថាជាកម្មវិធីវេទិកាការងារ ឬកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាពិព័រណ៌ការងារ កិច្ចសម្ភាសការងារប្រចាំខែជាដើម ព្រោះកម្មវិធីនេះបានជួយឱ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា នឹងទាន់តម្រូវការ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

To Top