ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ជាង៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤

រូបភាព AKP

ភ្នំពេញ៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត គ្រោងចំណាយថវិកាជាតិ ៣៤ ៤៩៧ ប៊ីលានរៀល ឬប្រហាក់ប្រហែល ជាង៨ពាន់លានដុល្លារ សម្រាប់ចំណាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅឆ្នាំ២០២៤។

យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ តុលានេះ បានឲ្យដឹងថា “នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ២០២៤ មាន ចំនួន ៣៤ ៤៩៧ ប៊ីលានរៀល ត្រូវជា ២៤,១៣% នៃ ផ.ស.ស. ថយចុះ ៥,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៧% ន ចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣% នៃ ផ.ស.ស. កើនឡើង ៦,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣”។

យោងតាមប្រភពដដែលបានបញ្ជាក់ថា “វិស័យសង្គមកិច្ចនៅតែជាអទិភាព​ ក្នុងការចំណាយ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា”។

សម្រាប់ការចំណាយថវិកាជាតិនេះ ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា “ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ឱ្យរាជរដ្ឋាភិបាល អាចឆ្លើយតបនឹងបញ្ហា ប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើង ដោយប្រកាន់យកនូវជំហាន នៃការអនុវត្ត គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មនុស្ស សមត្ថភាព ស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាច ប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះ ថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា”។

ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា “ក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តាកំណត់ នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយ សម្ដេចធិបតី បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាល ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់”។

គួរបញ្ជាក់ថា ការចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០២៣ មានចំនួនប្រមាណជា​ ៩,៦​ ពាន់​លាន​ដុល្លារ​​ នេះបើយោងតាមទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា​​ សម្រាប់​ឆ្នាំ​២០២៣​ ក្នុង​ចំនួន​ ៣៩​ ២០៦​ ២០៥​ លាន​រៀល​៕

To Top