ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ មរណភាពរបស់ លោក លី ខឺឈាង តំណាងឱ្យការបាត់បង់ដ៏ធំមួយ សម្រាប់ប្រជាជនចិន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខ ជូន លោក ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន ចំពោះមរណភាពរបស់ លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ។

តាមរយៈសាររំលែកទុក្ខ សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាព នៅទីក្រុងសៀងហៃ នៅព្រឹកមិញនេះ របស់ លោក លី ខឺឈាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលទី១៧, ១៨ និងទី ១៩ នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មរណភាពរបស់ លោក លី ខឺឈាង តំណាងឱ្យការបាត់បង់ដ៏ធំមួយ សម្រាប់ប្រជាជនចិននិងបក្ស»។

សម្ដេចតេជោ បន្ថែមថា លោក លី ខឺឈាង គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានិងចងចាំ ជានិច្ចនូវការរួមចំណែកដ៏មាន តម្លៃរបស់លោកចំពោះទំនាក់ទំនងមិត្តភាព ដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើង ទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សយើងទាំងពីរ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះលោក ស៊ី ជិនពីង ក្រុមគ្រួសារនៃសព ប្រជាជនចិន និងបក្សកុម្មុយនិស្តចិន ចំពោះការបាត់បង់ រដ្ឋបុរស ដ៏អស្ចារ្យម្នាក់។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបួងសួង សូមវិញ្ញាណក្ខន្ធលោក លី ខឺឈាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top