ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា នឹងធ្វើទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ អញ្ជើញទស្សនកិច្ច មិត្តភាពផ្លូវការលើកទី១ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ចេញទៅក្រៅប្រទេស របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងក្របខណ្ឌនៃទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជម្រុញ ការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ “សន្តិសុខរួម សន្តិភាពយូរអង្វែងៗ។ វេទិកាប៉េកាំងសៀងសាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល” នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនានា៕

To Top