ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹង ក្នុងការជួយសម្របសម្រួលលើបញ្ហាប្រឈម និងសំណើនានា របស់ក្រុមហ៊ុនមីនេបៀ (Minebea)។
លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ ក្រុមហ៊ុនមីនេបៀ (Minebea) ដឹកនាំដោយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសនោះ លោកអគ្គនាយក បានកោតសរសើរស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែជួយសម្របសម្រួលកិច្ចការងារនានារបស់ក្រុមហ៊ុន។ លោកអគ្គនាយក បានឆ្លៀតយកឱកាសនេះដើម្បីស្នើសុំការគាំទ្រ និងការសម្របសម្រួលនានាបន្ថែមទៀតពីស្ថាប័ន CDC លើការអនុវត្តគម្រោងការងាររបស់ក្រុមហ៊ុននាពេលខាងមុខ។
ជាមួយគ្នានេះដែរ លោកអគ្គនាយក ក៏បានជម្រាបជូនអំពីទិសដៅរបស់ក្រុមហ៊ុន Minebea ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត ព្រមជាមួយនិងទិសដៅក្នុងការប្រែខ្លួនក្លាយទៅជាក្រុមហ៊ុនបៃតង តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ដោយការអនុវត្តនេះក៏ស្របទៅតាមទិសដៅអព្យាក្រឹត្យកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនក្នុងជំនួបនាឱកាសនេះ និងជាការឆ្លើយតបលើសំណូមពរខាងលើលោកឧបនាយករដ្ឋមន្ត្រីបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹងក្នុងការជួយសម្របសម្រួលលើកិច្ចការងារ បញ្ហាប្រឈម និងសំណើសុំនានារបស់ក្រុមហ៊ុន៕