ព័ត៌មានជាតិ

អ៊ីស្រាអែល បើកការវាយឆ្មក់ដោយរថក្រោះ នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ខណៈរដ្ឋអារ៉ាប់ ជំរុញឲ្យមានបទឈប់បាញ់

AFP

ហ្គាហ្សា៖ នៅពេលដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានចូលដល់ថ្ងៃទី២០ រថក្រោះ និងថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្គាហ្សាភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ ៧,០២៨នាក់ ខណៈប្រទេសអារ៉ាប់ចំនួន៩ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) តម្រូវឱ្យភាគីជម្លោះមានបទឈប់បាញ់ជាបន្ទាន់ និងមាននិរន្តរភាព។

នៅយប់រវាងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ កងរថក្រោះ និងថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។ ប្រភពពីយោធាបានឲ្យដឹងថា ការវាយឆ្មក់នេះគឺជា “ផ្នែកនៃការរៀបចំ សម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធ” ដែលអ៊ីស្រាអែល គ្រោងនឹងវាយលុកថ្មើរជើងនៅតំបន់ហ្គាហ្សា។

នៅពេលព្រឹក អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះចម្បាំង បានវាយប្រហារលើគោលដៅ របស់ក្រុមហាម៉ាសជាង ២៥០កន្លែង នៅតំបន់ហ្គាហ្សា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ រូងក្រោមដី និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែត។ ទាហាន​ជើងទឹក​បាន​វាយប្រហារ​លើ​ទីតាំង​បាញ់​មី​ស៊ី​ល​ ពី​ដី​ទៅអាកាស​របស់​ក្រុម​ហាម៉ាស់ ​នៅ​តំបន់ Khan Yunis ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់ដល់ទៅ ៧,០២៨នាក់ ខណៈដែលជនជាតិប៉ាឡេស្ទីនចំនួន ១៨,៤៨៤ នាក់បានរងរបួស ដោយបដិសេធការសង្ស័យរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា លោក “មិនជឿទុកចិត្តលើសុពលភាពនៃចំនួនអ្នកស្លាប់ ដែលបានប្រកាសដោយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព”។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងបានអានរបាយការណ៍ចំនួន ២១២ ទំព័រនៃឈ្មោះ និងចំនួនអ្នកស្លាប់នៅហ្គាហ្សា ហើយបានឲ្យដឹងថា “ការកាន់កាប់របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៧,០២៨ នាក់ ក្នុងនោះមានកុមារចំនួន ២,៩១៣នាក់ ស្រី ១,៧០៩នាក់ និង​មនុស្ស​ចាស់​ចំនួន ៣៩៧​នាក់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top