ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែខិតខំអនុវត្តន៍ពង្រីកប្រភពថាមពល នៅប្រទេសកម្ពុជា តាមរយៈវារីអគ្គិសនី និងសូឡា ជាដើម។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជា ខិតខំថែរក្សាតម្លៃទំនិញ ទោះបីមានការឡើងថ្លៃទំនិញមួយចំនួនក៏ដោយ ហើយរដ្ឋាភិបាល បានទប់ស្កាត់ការឡើងថ្លៃទំនិញបានយ៉ាងច្រើន ជាពិសេសតម្លៃភ្លើង រដ្ឋាភិបាលសុខចិត្តខាត។
សម្ដេចធិបតី មានប្រសាសន៍ថា «ឥឡូវយើងខិតខំអនុវត្តពង្រីកនូវ ប្រភពថាមពលរបស់យើង ដែលថាមពលកើតថ្មី ពីវារីអគ្គិសនី ពីសូឡា ឲ្យច្រើន ដើម្បីធ្វើយ៉ាងធានាដល់ពលរដ្ឋ។ បើមិនអញ្ចឹងទេ យើងពឹងទៅលើធ្យូង ពឹងលើឧស្ម័នធម្មជាតិ នាំចូលទាំងអស់ ថ្លៃភ្លើងឡើងចុះ វាយគ្នានៅរុស្ស៊ី ក៏ភ្លើងឡើងដែរ»។
សម្ដេច នាយរដ្ឋមន្ដ្រី បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងតម្លៃជួលបន្ទប់ ឬថ្លៃភ្លើង ទោះបីប្រាក់ខែកម្មករ និយោជិត នៅឆ្នាំក្រោយ បានដំឡើងមួយកម្រិតក្ដី។ សម្ដេច ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងបន្តខិតខំដំឡើងប្រាក់ខែជូនដល់កម្មករ និយោជិតជារៀងរាល់ឆ្នាំ ខណៈឆ្នាំ២០២៤ខាងមុខនេះ បានដំឡើងរហូតដល់ ២០៤ដុល្លារ៕