ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍពិតប្រាកដ គឺធ្វើអ្វីឲ្យមានសេដ្ឋកិច្ចក្នុងតំបន់ ផ្តល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋនៅនឹងកន្លែង មានជីវភាពធូរធា មានការងារធ្វើ ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីបណ្តារោងចក្រ ក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ នាថ្ងៃទី២៨ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍ មិនមែនជាការទិញដីលក់ដី ធ្វើឲ្យតម្លៃដីឡើងថ្លៃនោះទេ តែអ្វីដែលជាការអភិវឌ្ឍពិតប្រាកដ របស់គណបក្សប្រជាជនកម្ពុជា គឺធ្វើយ៉ាងណា ធ្វើឲ្យតំបន់នោះមានការរីកចម្រើន ពលរដ្ឋមានជីវភាពប្រសើរឡើង ប្រែក្លាយពីតំបន់គ្មានសកម្មភាពសោះ មកមមាញឹក តភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ បានន័យថា ធ្វើឲ្យកន្លែងមួយ ឡើងតម្លៃ កន្លែងធ្លាប់ទៅជា ដី បឹង តែអត់សូវមានមនុស្សចូលធ្វើដំណើរមិនកើត ដោយសារត្រូវរកទូករអ្វី ប្រើប្រាស់មិនបានច្រើន ដីកន្លែងដែលជាព្រៃរកសត្វបន្តិចបន្តួចចិញ្ចឹងជីវិត ទៅជាដីមួយមានតម្លៃ ពាក្យថាដីមានតម្លៃនោះ បងប្អូនថា ហេ ដីឡើងថ្លៃ អាដីឡើងថ្លៃនឹងវាក៏ឡើងដែរ ល្អសម្រាប់ម្ចាស់ដី ប៉ុន្តែបើគ្រាន់តែឡើងថ្លៃដី មិនគ្រប់សម្រាប់ការអភិវឌ្ឍនោះទេ ការអភិវឌ្ឍតម្លៃពិតនៃដីកន្លែងមួយ នៅតំបន់កន្លែងមួយ ទាល់តែវាផ្តល់ផលប្រយោជន៍ ឲ្យប្រជាជនឲ្យកាន់តែច្រើនគ្នា ហើយកាន់តែច្រើន នឹងហើយដែលហៅការអភិវឌ្ឍ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា “បើត្រឹមតែទិញដី លក់ដីហើយឡើងថ្លៃ វាអត់ការអភិវឌ្ឍប៉ុន្មានទេ អានឹងគេហៅថា ជាការគក់ជេដី តែបើទិញដីមួយកន្លែង អភិវឌ្ឍវា ឲ្យទៅជាកន្លែងបង្កើតសកម្មភាពការងារ ដូចបង្កើតរោងចក្រ បង្កើតសហគ្រាស បង្កើតផ្សារ បង្កើតកន្លែងការងារ បង្កើតសាលារៀន បង្កើតអ្វីៗដើម្បីឲ្យបងប្អូនជាច្រើន មានការងារធ្វើ មានជីវភាព នឹងហើយបានគេហៅថា ការអភិវឌ្ឍ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា “ការអភិវឌ្ឍគឺប្រែក្លាយកន្លែងមួយ ដែលមានអត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋតិច ឬកន្លែងដែលមិនមានសោះ កន្លែងខ្លះគឺមិនមានទេ កន្លែងខ្លះ យើងរុញរោងចក្រ សហគ្រាសទៅ បង្កើតការងារ ធ្វើផ្លូវធ្វើអី ពីមុនសុទ្ធតែចំការមីន ឥឡូវយើងបង្កើតជាកន្លែង ដែលមានរោងចក្រ ប្រជាជនទៅធ្វើការ រាប់ពាន់រាប់ម៉ឺននាក់ នឹងហើយការអភិវឌ្ឍ គឺប្រែក្លាយអ្វីដែលមិនសូវមានផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ទៅឲ្យជាកន្លែង ដែលផ្តល់អត្ថប្រយោជន៍ ជួយប្រទេសជាតិ និងប្រជាពលរដ្ឋយើងរាប់សែននាក់ នេះជាការអភិវឌ្ឍ របស់យើង” ។
សម្តេចបានសង្កត់ធ្ងន់ថា “ការអភិវឌ្ឍពិតប្រាកដ ដែលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វី ដើម្បីផ្តល់ផលប្រយោជន៍ ឲ្យបងប្អូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈទាំងអស់ នឹងហើយគឺការអភិវឌ្ឍពិតប្រាកដរបស់យើង ដែលយើងចង់ធ្វើ”៕