ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្រុមហ៊ុនខ្មែរ ជាម្ចាស់ប្រទេស ជោគជ័យ ហើយវិនិយោគក្នុងវិស័យធំៗ

ភ្នំពេញ៖ ជាមួយ​ការខិតខំកៀរគរ វិនិយោគិនបរទេស មកវិនិយោគក្នុងប្រទេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចង់ឃើញវិនិយោគិនខ្មែរ ដែលជាម្ចាស់ប្រទេស ទទួលបានជោគជ័យលើមុខជំនួញ ហើយអាចពង្រីកការវិនិយោគក្នុងវិស័យធំៗបន្ថែមទៀត ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី មកពីបណ្តារោងចក្រសហគ្រាស នៅខណ្ឌមានជ័យ និងពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២៣នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំទៅទាក់ម៉ូយ ខ្ញុំទៅជួបដើម្បីទាក់ទាញវិនិយោគ ដើម្បីឲ្យគេមក បើខ្ញុំអត់ទៅជួបសោះ គេថា ខ្ញុំនឹងអត់កំណើត ដល់ពេលខ្ញុំទៅជួប ខ្ញុំនិយាយជាមួយបងប្អូន គេថា ខ្ញុំអួត ដល់ពេលខ្ញុំទៅជួបគេថា ចាំមើលមកប៉ុន្មាន? ដល់ពេលហៅមក គេថាហៅមកតែតូចៗ ដល់ក្រុមហ៊ុនធំៗមក គេថាមកតែរបស់ចិន អត់គ្រប់តែម្តង តែមិនបញ្ហា” ។

សម្តេចធិបតី បញ្ជាក់ថា “យើងបង្កើតបន្ថែមជូនបងប្អូនរបស់យើង មិនត្រឹមតែក្រុមហ៊ុនវិនិយោគខាងក្រៅទេ តែក្រុមហ៊ុនក្នុងស្រុកខ្ញុំលើកទឹកចិត្ត ខ្ញុំប្រាប់ បងប្អូនអាជីវក នៅក្នុងស្រុក ខ្ញុំចង់ឃើញក្រុមហ៊ុនខ្មែរ ក្នុងម្ចាស់ប្រទេស ជោគជ័យ ហើយវិនិយោគក្នុងវិស័យធំៗកាន់តែច្រើន” ។

សម្តេចនាយករដ្ឋមន្ត្រី បន្តទៀតថា “យើងធ្វើរួមគ្នា យើងមិនហាមឃាត់ បងប្អូនមកពីក្រៅប្រទេស ទាំងវិនិយោគមកពីក្រៅប្រទេសទេ ប៉ុន្តែយើងត្រូវបង្កើតជំរុញស្មើគ្នា ជាពិសេសលើកទឹកចិត្ត ដល់បងប្អូននៅក្នុងប្រទេស អាជីវករនៅក្នុងប្រទេស ទាំងធំ ទាំងមធ្យម ទាំងតូច ដើម្បីឲ្យបានជោគជ័យ ។ ព្រោះមានតែបងប្អូននៅក្នុងប្រទេសទេ ដែលគាត់នៅជាមួយយើង គាត់រស់ជាមួយយើងតាំងពីតូច តាំងពី៧៩ អត់មានអាវជាមួយគ្នា បងប្អូនដែលមកពីខាងក្រៅ គាត់នៅជាមួយគ្នាវិនិយោគក៏ច្រើន យើងស្វាគមន៍ទាំងអស់គ្នា រួមគ្នារស់ ពិភពលោកមិនអាចរស់តែម្នាក់ឯងទេ តែយើងក៏មិនអាចគិតតែពីខាងក្រៅ មិនគិតពីខាងក្នុងនោះទេ ចឹងហើយបានជាយើងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជាប់ជាប្រចាំ”៕

To Top