ព័ត៌មានជាតិ

សម្ដេចធីបតី ៖ ស្ពានកោះនរា ជាសមិទ្ធផលជាតិថ្មីសន្លាង ដោយប្រើប្រាស់រូបមន្ត «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»

ភ្នំពេញ ៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងពីសមិទ្ធផលស្ពានឆ្លងទន្លេថ្មីកោះនរាដែលបើកឲ្យសាកល្បងធ្វើដំណើរបណ្តោះអាសន្នកាលពីដើមសប្តាហ៍នេះថា គឺជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ ដោយប្រើប្រាស់រូបមន្ត «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» ពោលយកថវិកាពីតំបន់អភិវឌ្ឍន៍ មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង។

តាមរយៈសារបង្ហោះលើបណ្តាញតេឡេក្រាម នាថ្ងៃ២៩ តុលា សម្ដេចធីបតី បានសរសេរថា «ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត យកស្លឹកត្នោត ខ្ចប់ស្ករត្នោត គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១»។

សម្ដេចធិបតីបន្ដថា ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ។

សម្ដេចបន្ថែមថា សមិទ្ធផលថ្មីដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មាន ប្រវែង៨៤៤ម៉ែត្រ និងទទឹង២៤,៥០ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ដោយ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។

ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី៕

To Top