ភ្នំពេញ ៖ “ខ្ញុំសូមប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ចាប់ពីពេលនេះតទៅ” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើ “អគាររដ្ឋបាលថ្មីខេត្តកំពង់ស្ពឺ និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃ៣០ តុលា។

ជាមួយនឹងការប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តទី១៣ អស់មីននោះ សម្តេច ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តនេះទៀតថា នាពេលនេះ គឺរស់នៅដោយមានសេចក្តីសុខ លែងមានការភាពភ័យ ខ្លាចទៀតហើយ ។

សូមបញ្ជាក់ថា កាលពីអាណត្តិ របស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបានដាក់ចេញ យុទ្ធនាការមួយគឺ “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥” ។ ដូច្នេះគិតត្រឹមឆ្នាំ២០២៣នេះ រាជធានី-ខេត្តចំនួន១៣ ហើយរាប់ទាំង កំពង់ស្ពឺ បានសម្រេចផែនការជាបណ្តើរៗហើយ ខណៈនៅសល់តែជាង២ឆ្នាំទៀតនោះ រាជធានី-ខេត្ត ១២ផ្សេងទៀត ក៏នឹងអស់មីនដូចគ្នា ។
១២រាជធានី-ខេត្តអស់មីននោះដូចជា ៖ ស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងកំពត៕
