ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសម្ពោធអគាររដ្ឋបាលខេត្តកំពង់ស្ពឺថ្មី នាព្រឹកថ្ងៃ៣០ តុលាដែលជាថ្ងៃដើមសប្តាហ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានចេញអនុសាសន៍ណែនាំ៥ចំណុចឲ្យពង្រឹងរដ្ឋបាលសាធារណៈ សម្រាប់រដ្ឋបាលរាជធានី-ខេត្តក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត។
ក្នុងចំណោមអនុសាសន៍ទាំង៥ចំណុចរបស់នាយករដ្ឋមន្រ្តី ផ្តោតជាសំខាន់ក្នុងការជ្រើសរើសមន្រ្តី ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងភាពស្មោះត្រង់របស់ខ្លួន ដោយធ្វើយ៉ាងណាជៀសវាងរំលោភសិទ្ធិអំណាច ។ ក្នុងលក្ខខណ្ឌណាមួយដែលសម្តេចបានចេញបទបញ្ជា ហើយមិនអនុវត្តតាម បើរកឃើញប្រើអំណាចខុសច្បាប់នឹងមានវិធានការតឹងរ៉ឹងបំផុតលើពួកគាត់ជាមិនខានឡើយ ។
សម្រាប់អនុសាសន៍ទាំង៥ចំណុចនោះរួមមាន ៖ ទី១-រដ្ឋបាលរាជធានី-ខេត្តត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលរួម ចូលបម្រើការងារឲ្យប្រកបដោយតម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងគុណភាព ពោលគឺត្រូវធានាមន្រ្តីជាអ្នកបម្រើប្រជាជនដោយមនសិកា សមត្ថភាព និងវិជ្ជាជីវៈខ្ពស់ ។ ទី២-រដ្ឋបាលរាជធានី-ខេត្តត្រូវដាក់ចេញ និងផ្សព្វផ្សាយយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹងបញ្ហាណាមួយពីសំណាកពលរដ្ឋ ដើម្បីផ្តល់ការងាយស្រួលនិងទាន់ពេល ហើយត្រូវឆ្លើយតបទៅវិញ ឲ្យបានឆាប់រហ័សនិងគុណភាពខ្ពស់ , ត្រូវចូលរួមពេញលេញសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទផ្សេងៗ និងវិវាទក្រៅប្រព័ន្ធតុលាការជាដើម ។
ទី៣-រដ្ឋបាលរាជធានី-ខេត្តត្រូវផ្តល់សេវាសាធារណៈដ៏ល្អបំផុត និងមិនត្រូវធ្វើឲ្យសេវាសាធារណៈស្មុគស្មាញនិងបង្កជាបណ្តុកដល់ពលរដ្ឋនោះទេ ។ ទី៤-រដ្ឋបាលរាជធានី-ខេត្ត ត្រូវតាមដាន និងស្វែងយល់ជានិច្ចនូវគោលនយោបាយថ្នាក់ជាតិ និងធ្វើការងារប្រតិភូកម្មឲ្យប្រសិទ្ធភាព និងទី៥-រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសជៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ពលរដ្ឋ “រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុតប្រសិនបើមានករណីរំលោភអំណាចនេះកើតមានឡើង”៕