ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃ៣០ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ គឺជាឆ្នាំចាប់ហ្វ្រាំងពិនិត្យនិងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត។
សម្តេចធិបតីបន្តថា ក្នុងអាណត្តិទី៧នេះ គឺជាការចាំបាច់ក្នុងការពង្រឹងសមត្ថភាពជៀសជាងការពង្រីកក្នុងជ្រើសរើសមន្ត្រីថ្មីផ្សេងៗ គឺត្រូវតែមានភាពចាំបាច់ និងមានហេតុផងច្បាស់លាស់។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កន្លែងណាដែលខ្វះយើងថែមឲ្យ ហើយកន្លែងណាដែលលើសត្រូវរកវិធីដើម្បីពង្រឹងការប្រើប្រាស់ឲ្យចាំគោលដៅ។ បង្កើនសមត្ថភាពរបស់បងប្អូនមន្ត្រី ពង្រាយមន្ត្រីថ្នាក់ជាតិឲ្យបានល្អ ជាងទើរនៅលើថ្នាក់ជាតិ»។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងបន្ថែមថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកន្លងមក សម្តេចបានអះអាងថា ឆ្នាំ២០២៤ជាងឆ្នាំដែលចាប់ហ្រ្វាំងនិងវាយតម្លៃ ដោយមិនប្រញាប់ទៅណានោះទេ។
សម្តេចធិបតីបញ្ជាក់ថា «ជាឆ្នាំដែលចាប់ហ្វ្រាំង ពិនិត្យមើលខ្លួនឯងវាយតម្លៃ ដើម្បីឈានទៅមួយអាណត្តិពីរ អាណត្តិបី អាណត្តិទៀត។ ឡានបើកជាប់ យន្តហោះបើក ជាប់ដឹងតែទៅមុខហើយ តែត្រូវតែយកវាចូលជាងដើម្បីរឹតខៅ្ច ពិនិត្យវា ដើម្បីធានាប្រសិទ្ធភាពឲ្យបានល្អ»។
ក្នុងឱកាសនោះដែរ សម្តេចធិបតីក៏បានលើកឡើងថា រដ្ឋាភិបាលសាធារណៈក៏ត្រូវតែធ្វើដែរ សិទ្ធិប្រជាពលរដ្ឋត្រូវតែបង្កើតលទ្ធភាពក្នុងការទទួលខុសត្រូវ គឺត្រូវធ្វើយ៉ាងណាឲ្យការបំពេញភារកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបានទទួលជួយនិងយកចិត្តទុកដាក់និងផ្តល់សិទ្ធិ ក៏ដូចជាការពង្រឹងសមត្ថភាពក្រមសីលធម៌ក្នុងការទទួលខុសត្រូវកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ៕