ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៣២៤ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ បានទទួលស្រូវពូជ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត

រូបភាព សហការី

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នេះ នៅសាលាស្រុកស្ទឹងត្រង់ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំស្រូវពូជ ជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ ៣២៤ គ្រួសារ ដែលដំណាំស្រូវរបស់ពួកគាត់ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ប្រជាកសិករដែលរងគ្រោះដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង សរុបមានចំនួន ៣២៤ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧ គ្រួសារ និង ប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧ គ្រួសារ ។ ដូច្នេះនៅពេលនេះ ប្រជាពលរដ្ឋទាំង ៣២៤ គ្រួសារ ទទួលបានអំណោយស្រូវពូជ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  ដោយក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០ គីឡូក្រាម និងថវិកា ២ ម៉ឺនរៀល ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា នេះគឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ដូចជា គណៈកម្មការជាតិក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់យើង ដែលសម្ដេចបានគិតគូរអំពីសុខ នឹងទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់តំណាង ចែកជូន នូវពូជស្រូវទាំងនេះ ព្រមទាំងបានបង្រៀន ឱ្យបងប្អូនប្រជាពលរដ្ឋយើង ចេះដាំដុះបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង បង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់ ។

សូមបញ្ជាក់ថា ក្នុងឱកាសផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋនោះ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ ណែនាំ ចែករំលែកនូវបទពិសោធន៍បច្ចេកទេសយ៉ាងលំអិត ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដាំដុះស្រូវពូជប្រភេទ OM ៥៤៥១ ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ត្រឡប់មក ៕

To Top