ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០តុលា បានចេញអនុក្រឹត្យតែងតាំងសមាសភាពប្រតិភូនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ចំនួន២៩រូប មានឋានៈស្មើអគ្គនាយករង ។
សម្រាប់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក្នុងអាណត្តិថ្មីនេះ ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ជាង១ខែរួច ពោលកាលពីថ្ងៃ២៦ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
សម្រាប់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ ។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្របង្កើតឡើងក្នុងអាណត្តិទី៦ ។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍសង្គម។ សម្រាប់ប្រតិភូចូលរួមក្នុងស្ថាប័ន មាន៣រូបពីខាងគណបក្សនីមួយៗដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភា ៕