ព័ត៌មានជាតិ

ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមសំដៅ​ លើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក​ ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងវិស័យស្នូលទាំង៣​ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានបង្ហាញពីគោលបំណងកម្មវិធីថ្នាក់ជាតិរបស់សម្តេចធិបតីក្នុងការបណ្តុះបណ្តាលយុវជនមកគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីឱ្យក្រុមគោលដៅទាំងអស់ មានជំនាញ និងទទួលបានការងារឆាប់រហ័ស និងសមរម្យហេីយសំបូរបែបក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានរំលេចជូនដល់សហព័ន្ធថា កម្មវិធីនេះ នឹងកែប្រែកម្ពុជាពីអតិពលកម្មទៅជាកម្លាំងពលកម្មដែលមានជំនាញជាក់លាក់និងច្បាស់លាស់ដើម្បីធានាការប្រកួតប្រជែង​ និងការទាក់ទាញវិនិយោគថ្មីៗបន្ថែមសម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ គណៈប្រតិភូសហព័ន្ធ ក៏បានជម្រាបលោករដ្ឋមន្ត្រីពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការបោះទុនវិនិយោគរបស់សមាជិកសហព័ន្ធនីមួយៗដែលក្រុមហ៊ុនខ្លះបានផ្តើមវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានពង្រីកទំហំវិនិយោគរាប់លានដុល្លារដែលបានបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងប្រទេស។

ក្រៅពីនេះ ប្រតិភូសហព័ន្ធ ក៏បានរាយការណ៍ពីការបណ្តុះបណ្តាលកូនជាងដែលក្រុមហ៊ុនខ្លួនបានអនុវត្តដែលបង្ហាញពីការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់លោករដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធយានយន្តបន្តចូលរួមជាមួយរដ្ឋាភិបាលឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនូវការអនុវត្តកាតព្វកិច្ចការហ្វឹកហ្វឺនកូនជាងរបស់ក្រុមហ៊ុននីមួយៗដែលនឹងផ្តល់បទពិសោធន៍ចំណេះដឹង និងឱកាសការងារដល់សិក្ខាកាមដែលភាគច្រើនបានសិក្សានៅសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ៕

To Top