ព័ត៌មានជាតិ

លោក ឈត ប៊ុនថង ៖ ជំនឿខ្លះ ជាជំនឿស៊ប់ ជំនឿដាច់ខាត ជំនឿជ្រុលដែលជឿតៗគ្នា

ភ្នំពេញ ៖ មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថងបានលើកឡើងថា ការជឿលើជំនឿអ្វីមួយ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុ​ន្តែលោកក៏បានស្នើថា មុននឹងមានជំនឿអ្វីមួយត្រូវពិចារណាឲ្យបានម៉ត់ចត់សិន ពីព្រោះជំនឿខ្លះ គឺជាជំនឿស៊ប់ ជំនឿដាច់ខាត ជំនឿជ្រុលដែលជឿតៗគ្នា ដោយមិនបានដឹងច្បាស់លាស់ដោយខ្លួនឯង ។

ចំពោះជំនឿនេះដែរ លោកថា មាន២បែប ដោយជំនឿទី១ គឺជាការជឿតៗគ្នា និងទី២ ជាជំនឿដែលមានសាសនាធំៗមានការសិក្សាតាមរយៈទ្រឹស្តី គម្ពី និងមានទស្សនវិជ្ជាដែលមនុស្សបានអានសិក្សាស្វែងយល់ជាដើមនោះ ជាផ្លូវល្អ សម្រាប់ការសម្រេចក្នុងជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គម នាំឲ្យមានការរីកចម្រើន។ ប៉ុន្តែសម្រាប់ជំនឿជឿតៗគ្នាពីមួយទៅមួយដោយផ្អើលឆូរឆរ គឺពិបាកក្នុងការប្រាប់ពួកគាត់ តែប្រាប់ពួកមិនស្រួលនឹងធ្វើការវាយបកដោយប្រើប្រាស់ពាក្យសម្តីអសុរោះមកវិញ។ នេះជាប្រសាសន៍របស់លោក ឈត ប៊ុនថងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃ៣១ តុលា ។

លោកគូសបញ្ជាក់ថា “វាមានជំនឿខ្លះ ជំនឿស៊ប់ ជំនឿមាំ ជំនឿដាច់ខាត ជំនឿជ្រុល វាជាជំនឿម្យ៉ាង ជំនឿបែបហ្នឹង គឺមនុស្សគ្រាន់តែជឿតៗគ្នាសន្មត់ដាក់ចិត្តជឿទៅគេមិនបានពិចារណារកហេតុ រកផល រកខុស រកត្រូវអ្វីទេ គេលឺតៗគ្នា ល្បីតៗគ្នា ឬក៏មានការលើកតម្កើងអ្វីបន្ថែមទៅ មានការជឿកាន់តែខ្លាំងសម្រាប់បងប្អូនមួយចំនួន”។

លោកបន្តថា ពេលខ្លះអ្នកសិក្សាតាមជំនាញទៅពន្យល់ណែនាំពួកគាត់ពីជំនឿបែបនេះខុស ជំនឿបែបនេះត្រូវ គឺមិនទទួលយកនោះទេ ហើយគិតថា អ្នកទៅប្រាប់សុទ្ធតែជាពួកអ្នកច្រណែនឈ្នានីស ​និងចង់ដណ្តើមលាភមកវិញ ៕

To Top