ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ អនុញ្ញាតឲ្យលោក ឯម សុខសុវណ្ណ បង្កើតគណបក្ស “ដើម្បីកម្ពុជា”

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យលោក ឯម សុខសុវណ្ណ ជាស្ថាបនិកបង្កើតគណបក្ស ឈ្មោះ “ដើម្បីកម្ពុជា” ដែលសរសេរអក្សរកាត់ថា គ.ដ.ក ។

យោងតាមលិខិតផ្ញើជូនលោក ឯម សុខសុវណ្ណចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា កាលពីថ្ងៃ២៧ តុលា ហើយចេញផ្សាយជាសាធារណៈនាថ្ងៃ៣១ តុលាគឺគណបក្សនេះ មានស្នាក់ការកណ្តាលនៅផ្ទះលេខA៥ ផ្លូវបេតុង ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ប៉ុន្តែទោះបីជាយ៉ាងណាទោះមានការយល់ព្រមក៏ដោយ ក៏ក្រសួងស្នើឲ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់បក្សឡើងវិញ ។

សូមបញ្ជាក់ថា លោក ឯម សុខសុវណ្ណ ធ្លាប់ជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សយុវជនកម្ពុជា ហើយផ្តាច់ខ្លួនចេញ ក៏បានចេញមកបង្កើតគណបក្សខ្លួនឯងឈ្មោះថា “គណបក្សអាយ៉ងខ្មែរ” ដោយបានដាក់ពាក្យទៅក្រសួងមហាផ្ទៃកាលពីដើមខែកញ្ញា ប៉ុន្តែក្រសួងបដិសេធ ហើយក៏បានដាក់លិខិតបង្កើតលើកទី២ទៀត ឈ្មោះថា “គណបក្សខ្ញុំបម្រើខ្មែរ” តែក្រសួងបដិសេធទៀត ទើបលើកទី៣នេះ ក្រសួងបានអនុញ្ញាត៕

To Top