ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានប្ដេជ្ញាខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន តាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
ការប្ដេជ្ញាចិត្តនេះឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងសហការី នារសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការបន្តជំរុញគម្រោងនានា ដែលកំពុងអនុវត្ត និងផែនការនានាដែលជាការព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ អំឡុងទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងទៅ សំដៅធ្វើឱ្យសម្រេចបានលទ្ធផលលេចចេញជាផ្លែផ្កា។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានប្តេជ្ញានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងប្រជាជន លើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕



