ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅខេត្តស្វាយរៀង ខណៈតំបន់ទាំងបីនេះ មានទុនវិនិយោគ ៩៧៧លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគ ៦៥គម្រោង កំពុងដំណើរការ ៤៤គម្រោង និងបង្កើតការងារជូនកម្មករនិយោជិត ២៣.១៤៣កន្លែង។
តំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព) ចំនួន៣ រួមមាន៖ ត.ស.ព. ស៊ីន បាវិត, ត.ស.ព ស្វាយរៀង ហ្គីហ្គា រីសស៍ និង ត.ស.ព ឈីលូ ជាន ពុ ចាយ។ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះ រួមមាន៖ ផលិតគ្រឿងសង្ហារិម, កែច្នៃនិងជ្រលក់ពណ៌ស្បែក, អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ, ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។
ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបជជែកដើម្បីស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគនិងអភិវឌ្ឍន៍ ព្រមទាំងឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដែលនេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមអំពីកិច្ចខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍន៍។
លោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បីទាក់ទាញឲ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា៕