ភ្នំពេញ៖ លោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ប្រាប់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរថា កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការ អភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២៣នេះ ។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ការបរទេសកូរ៉េបែបនេះ ធ្វើឡើងនាថ្ងៃទី៣១ តុលា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា នៅទីស្ដីការក្រសួង ។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីវិនិយោគនៃព្រះ រាជាណាចក្រកម្ពុជា និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការជំរុញពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីបន្ថែមទៀត។
ដោយរំលឹកពីអាណត្តិការទូត របស់លោកនៅរាជធានីភ្នំពេញ កាលពីប្រមាណមួយទសវត្សរ៍មុន លោកអនុរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការផ្លាស់ប្តូរដ៏ឆាប់រហ័ស របស់កម្ពុជា។ ការកើនឡើងនៃចំនួនអគារខ្ពស់ៗ ព្រមទាំងកំណើនក្នុងស្រុកដ៏រឹងមាំ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា។ លោកអនុរដ្ឋមន្ត្រី Chang Ho-jin បានគូសបញ្ជាក់ថា «កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការ អភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំនេះ»។
ជាមួយគ្នានោះភាគីទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យឈាន ដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេស លើវិស័យកសិកម្ម ការ កែច្នៃម្ហូបអាហារ និងកម្មន្តសាល ព្រមទាំងសកម្មភាពផ្ដល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យា ទំនើបរបស់កូរ៉េ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់ ដែលនឹងបញ្ជូនសញ្ញាវិជ្ជមានដល់វិស័យឯកជន ៕