ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារ៖ ប.ស.ស គឺជានិមិត្តរូប​ ថែរក្សាសុខភាពរបស់បងប្អូនកម្មករ

ភ្នំពេញ៖​រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបដែលកម្មករនិយោជិតគ្រប់គ្នាប្រាថ្នាចង់បាន ពោលគឺធ្វើឱ្យសុខភាពកម្មករទទួលបានការគាំពារ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៣ លោក ហេង សួរ មានប្រសាសន៍ថា តាមរយៈបណ្ណ ប.ស.ស. បានធ្វើឱ្យសុខភាពបងប្អូនកម្មករនិយោជិតមានសុខភាពល្អប្រសើរជាងមុនជាបន្តបន្ទាប់ ដោយឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់បងប្អូនកម្មករនិយោជិត ពិសេសតាមរយៈការពង្រីកនូវវិសាលភាព ប.ស.ស. បានជួយកាត់បន្ថយបន្ទុកចំណាយកម្មករបានច្រើន។

លោក ហេង សួរ បានបញ្ជាក់ថា តាមរយៈរបាយការណ៍កន្លងមកនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ចំណាយលើការ ថែទាំសុខភាពជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារ ក្នុងមួយខែក្នុងករណីដែលមិនមានរបបថែទាំសុខភាព។បន្ថែមពីនេះការបង់ភាគទានសមាជិក ប.ស.ស. ប្រចាំខែរបស់កម្មករនិយោជិតគឺថៅកែបង់ជំនួសបងប្អូនកម្មករនិយោជិត១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ លើសពីនេះទៀតសម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺថៅកែបានជួយបង់ភាគទានជូនសមាជិកប្រចាំខែ៥០% ដែលធ្វើឱ្យបងប្អូនកម្មករនិយោជិតសន្សំថវិកាបានប្រមាណជា ៦ដុល្លា ក្នុង ១ខែ និងអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា «នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបងប្អូនកម្មករនិយោជិតនៃវិស័យឯកជន ទទួលបានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងរបបសន្តិសុខសង្គមផ្សេងទៀតដូចមន្ត្រីរាជការដែរ។ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតពេញមួយជីវិតតាំងពីកើត រហូតដល់ចាស់ជរា និងទទួលមរណភាព »។

បន្ថែមលើសនេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បងប្អូនកម្មករនិយោជិតឱ្យតែបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ខែនៅពេលអាយុ ៦០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពរហូតដល់ទទួលមរណភាព។

តាមប្រសាសន៍លោករដ្ឋមន្រ្តីក្រសួងការងារ បើគិតពីឆ្នាំ២០១៨ រហូតដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៣ នេះ មានបងប្អូនកម្មករនិយោជិតបានទៅព្យាបាលជំងឺជាច្រើនលើក និងច្រើនករណីដោយមិនបង់ប្រាក់ដែលគិតជាសរុបស្មើនឹងជាង ១៤,៤លានករណី ស្មើនឹងទឹកប្រាក់ប្រមាណជិត ៤០៣,០២លានដុល្លារអាម៉េរិក ឬ ២៨,០៨ដុល្លារអាម៉េរិកក្នុងម្នាក់ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ក្នុងអំឡុងពេលជួបកម្មករនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ថាក្រៅពីគិតគូរការដំឡើងប្រាក់បៀវត្សរ៍របស់កម្មកររាជរដ្ឋាភិបាលក៏បានគិតគូរអត្ថប្រយោជន៍ផ្សេងៗដល់កម្មការិនីពេលមានផ្ទៃពោះ ព្រមទាំងកូនៗផងដែរ។

សម្រាប់កម្មការិនីម្នាក់ឈ្មោះ ជឿង រ៉ានី បានលើកឡើងថា នៅពេលកម្មការិនីមានផ្ទៃពោះ ខាងមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. យកចិត្តទុកដាក់ និងតាមដានតាំងពីពេលពរពោះរហូតដល់ពេលកើត។
កម្មការីនីរូបនេះនិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ ពេលមាន ប.ស.ស. ព្រោះយើងអត់សូវមានលុយ ការឧបត្ថម្ភពី ប.ស.ស. គឺជួយកាត់បន្ថយការចំណាយក្នុងគ្រួសារ»។

ស្រដៀងគ្នានេះដែរ កម្មការីនីម្នាក់ទៀតឈ្មោះ ជីម សារ៉ុន បានលើកឡើងថា បណ្ណ ប.ស.ស. មានអត្ថប្រយោជន៍ដល់កម្មករ និយោជិត ហើយកម្មការិនីរូបនេះចង់ឱ្យគ្រប់សមាជិកក្នុងផ្ទះមានបណ្ណ ប.ស.ស. ហើយអាចទទួលបានសេវាព្យាបាល និងការឧបត្ថម្ភផ្សេងដូចគ្នាផងដែរ។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១៥ ៥០១នាក់ កូនចំនួន ១៥ ៦១១នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៣ ៦១៤នាក់ ដែលគ្រាន់តែរយ:ពេល៣ខែនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥លានដុល្លារអាម៉េរិក៕

To Top