ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសម្នាក់ ជាប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយបុរសរូបនេះជួបគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ ពេលកំពុងធ្វើការ ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ទិត្យ សូរិយា អាយុ ១៨ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។
ជាមួយគ្នានេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់បន្ថែមថា ដោយក្តីអាណិត ដោយដឹងថា ជនរងគ្រោះ រងរបួសធ្ងន់ ហើយពុំមានលទ្ធភាពព្យាបាល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា នឹងចាត់បញ្ជូនក្រុមការងារ នាំយកថវិកា ចំនួន ៤លានរៀល របស់អ្នកឧកញ៉ា និងលោកស្រី ទៅជូនបុរសជាអ្នកជំងឺខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឹឲ្យទាន់ពេលវេលាទៀតផង៕