ភ្នំពេញ ៖ យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់ កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣ ។
ការបញ្ជាក់នេះ ធ្វើឡើងតាមបណ្តាញសង្គមនានា របស់សម្តេចធិបតី នាថ្ងៃ២វិច្ឆិកាតែម្តង ដោយក្នុងនោះ សម្តេចធិបតី បានលើកឡើងថា “បន្ទាប់ពីចរចា បើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹក ទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ដោយមានរៀបចំពិធីបើកកុងតឺន័រ បានរៀបចំធ្វើជាផ្លូវការ” ។
ខ្លឹមសារដែលអះអាង ពីភាពជោគជ័យថ្មីមួយ របស់សម្តេចធិបតី ក្នុងនាមជាប្រមុខថ្នាក់ដឹកនាំ បានបញ្ជាក់បន្ថែមថា “នេះជាលទ្ធផល នៃកិច្ចខំប្រឹងប្រែង ក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញ រហូតបានសម្រេច តាមរយៈការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួម ពីសំណាក់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា”។
បើតាមខ្លឹមសារដដែលនេះ បានឲ្យដឹងទៀតថា “កិច្ចខំប្រឹងប្រែង ទាំងអស់នេះ ធ្វើឡើងស្របទៅ តាមគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រ ដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង , បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណ ភាពជីវភាព ប្រជាជននៅទីជនបទ” ៕