ភ្នំពេញ ៖ ក្រោយបើកយុទ្ធនាការធ្វើតេស្ត ស្វែងរកសារធាតុគ្រឿងញៀន ចំពោះមន្ដ្រីក្រោមឱវាទនៅស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានរកឃើញមន្ត្រីនគរបាល ជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។

តាមរយៈសេចក្ដីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មាន មិនច្បាស់លាស់លើបណ្ដាញសង្គម ស្ដីពីការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែង ចំនួន ១១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន។
ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «សូមធ្វើការបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា ដោយមានការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ បានស្វែងរកឃើញមន្ត្រី នគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់»។

ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា, ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោយឡែកចំពោះរូបភាព អនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ៕

