ព័ត៌មានជាតិ

កម្មករនិងសហជីពគាំទ្រឱ្យមាន ប.ស.ស. ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក

រូបភាពពី៖​ STPM

ភ្នំពេញ៖ កម្មករ និងសហជីពបានគាំទ្រឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំរុញឱ្យមានគោលនយោបាយនេះ។ សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបរកចំណូលផ្ទាល់ខ្លួន គោលនយោបាយនេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។

ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាអ្វីដែលបងប្អូនកម្មករ និងសហជីពទន្ទឹងរងចាំដោយសាររបបនេះនឹងជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារនៅពេលសមាជិកក្នុងបន្ទុកណាម្នាក់មានជំងឺ។
លោកមានប្រសាសន៍ថា៖ « តាងនាមខ្ញុំសហជីព តំណាងកម្មករ ខ្ញុំសប្បាយរីករាយនៅពេលប្រាក់ឈ្នួលកម្មករឡើង ទន្ទឹមជាមួយគ្នានោះ បើគ្មានយន្តការកាត់បន្ថយការចំណាយជូនដល់បងប្អូនកម្មករនិយោជិតយើងទេ គឺប្រាក់ឈ្នួលដែលពួកគាត់ទទួលបានអត់សល់ទេដោយសារត្រូវផ្គត់ផ្គង់ជីវភាពគ្រួសារ រួមទាំងការចំណាយច្រើនលើការថែទាំសុខភាព»។

បន្ថែមពីនេះ កម្មការិនី ជឹម សារ៉ុន បានលើកឡើងពីការគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលចំពោះ ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត នេះ ព្រោះបានជួយសម្រាលបន្ទុកចំណាយសម្រាប់គ្រួសារ។
កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំគាំទ្រឱ្យមានរបបនេះ ព្រោះសមាជិកគ្រួសារទៅពេទ្យម្តងៗចំណាយច្រើន។ ខ្ញុំនឹងទៅចុះឈ្មោះសមាជិកគ្រួសារចូលក្នុងរបបនេះ»។

ស្រដៀងគ្នានេះដែរកម្មការិនីម្នាក់ទៀតឈ្មោះ ជឹម សារ៉េន រីករាយឥតឧបមាព្រោះនយោបាយនេះ នឹងធ្វើឱ្យគ្រួសាររបស់ខ្លួនសន្សំបានច្រើន និងកាត់បន្ថយចំណាយច្រើនជាងមុនព្រោះតែការទៅព្យាបាលដោយឥតគិតថ្លៃ ហើយចំណាយត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះ។

កម្មការិនីរូបនេះនិយាយថា៖ «សម្រាប់គ្រួសារខ្ញុំគាត់ឈឺច្រើន សព្វថ្ងៃជីវភាពគ្រួសារខ្ញុំមានការខ្វះខាត ទៅពេទ្យម្តងៗអស់ច្រើន សប្បាយចិត្ត និងគាំទ្រនៅពេលមានរបបនេះគឺនឹងជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានច្រើន»៕

ហ្វា សាលី
ជឹម សារ៉ុន
ជឹម សារ៉េន
To Top