ភ្នំពេញ៖ រាជធានីភ្នំពេញ និងទីក្រុងឆាងសា របស់ប្រទេសចិន បានប្តេជ្ញា រួមគ្នាពង្រឹងទំនាក់ទំនង សហប្រតិបត្តិការជាមួយគ្នា ឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគខណៈ ទីក្រុងឆាងសា មានការវិនិយោគរកស៊ី នៅប្រទេសកម្ពុជារួចហើយ។
នេះជាការបង្ហាញឲ្យឃើញ ក្នុងជំនួបសម្តែងការគួរសម រវាងលោក កើត ឆែ អភិបាលស្តីទី រាជធានីភ្នំពេញ ជាមួយលោកស្រី វូ គួយអុីង (Ms. Wu Guiying) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្ស នៃគណៈកម្មាធិការបក្សក្រុងឆាងសា នាល្ងាចថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
ក្នុងជំនួបសំដែងការគួរសមនោះ លោកកើត ឆែ បានលើកឡើងថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេញពីកម្ពុជា មានសន្តិភាពពេញលេញ ។ ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបាន ពីការចូលរួមឧបត្ថម្ភគាំទ្រ ពីប្រទេសចិន ។ ចិនបានជួយវ៉ាក់សាំងកូវីដ -១៩ មកកម្ពុជា ជាមួយនិងការវិនិយោគជាច្រើនរបស់ចិន នៅកម្ពុជា។ គិតមកដល់ពេលនេះ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈររំដាប់លេខ១។ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងត្បូងពេជ្រ។
លោកកើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសាគឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាល រាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុង ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេស គឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញ រវាងទីក្រុងទាំងពីរពិសេស ជំរុញឲ្យមានការហោះហើរត្រង់ រវាងទីក្រុងភ្នំពេញនិងទីក្រុងឆាងសា។
ជាមួយគ្នានោះ លោកស្រី វូ គួយអុីង ក៏បានលើកឡើងផងដែរ ពីស្ថានភាពទូទៅ របស់ទីក្រុងឆាងសា និងថាទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេទេសភាព គួរឲ្យគយគន់ ។ ទីក្រុងមួយនេះ ក៏ជាទីក្រុងដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមាន
ទាំងការផលិតគ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើន នៅកម្ពុជាផងដែរ ។
លោកស្រី សន្យានឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគ នៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ី នៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រី និងជំរុញឲ្យវិស័យទេសចរណ៍ ពីឆាងសារមកកម្ពុជាកាន់តែច្រើនថែមទៀត។
លោកស្រីបញ្ជាក់ថា ដើម្បីរឹតចំណងសាមគ្គីភាព ឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសា
ទីក្រុងឆាងសា នឹងនាំផលិតផល ដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ជាមួយនិងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញអោយមានការហោះហើរត្រង់មកកម្ពុជា៕