ព័ត៌មានជាតិ

អ្នកវិភាគសង្គម៖ ក្រៅពីដឹកនាំបាតុកម្ម សហជីពគួរដើរតួនាទីរក្សាស្ថិរភាពការងារ និងទាក់ទាញការវិនិយោគ

ភ្នំពេញ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ដែលប្រទេសនីមួយៗកំពុងព្យាយាមរក្សាអ្នកវិនិយោគ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ កាលពីពេលថ្មីៗនេះ  បានលើកឡើងថាសហជីពនៅកម្ពុជា គួរដើរតួនាទីចូលរួមចំណែករក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការវិនិយោគ ប្រសេីរជាងចេញរបាយការណ៍វាយប្រហារវិស័យការងារដែលមិនបានចូលរួមថែរក្សាការងារទេ ប៉ុន្តែបែជាបង្កផលវិបាកទៅវិញ។

លោកបណ្ឌិតបានថ្លែងថា៖ «ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។

ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ពីស្ថានភាពកម្មករនៅកម្ពុជាដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដ។ បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតីស្តីពច្បាប់ស្តីពីសហជីពដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។

លោកបញ្ជាក់ថា៖ «…បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយពីព្រោះប្រទេសទាំងនោះគេមានស្ថារភាពលើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»។

យ៉ាងណាក៏ដោយ បណ្ឌិតយ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាលដែលសុទ្ធតែជាអ្នកការពារប្រយោជន៍ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើតឱ្យមានយន្តការធ្វើការជាមួយគ្នាជៀសជាងការប្រើវេទិកាផ្សេងៗក្នុងការវាយប្រហារគ្នាដែលសុទ្ធតែជះឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គមជាតិនិយាយជារួម៕

To Top