ព័ត៌មានជាតិ

ហឹបវិញ្ញាសាប្រឡងបាក់ឌុប ត្រូវបានដឹកជញ្ជូនទៅរក្សាទុក តាមរដ្ឋបាលសាលារាជធានី-ខេត្ត

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នាថ្ងៃទី៣ វិច្ឆិកានេះឲ្យដឹងថា « ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

សូមរំលឹកថា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ គឺថ្ងៃទី៦និងថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ មានមណ្ឌលប្រឡងសរុប២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់។ គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងគ្រប់ដំណាក់កាលសរុប២៩.៥២៥នាក់ក្នុងនោះ ថ្នាក់ក្រសួង៤.១២៦នាក់ និងថ្នាក់រាជធានីខេត្ត២៥.៣៩៩នាក់៕

To Top