ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងជួយត្រីនៅកម្ពុជា ហែលដោយសេរី ជាមួយនឹងជណ្តើរត្រី ប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញ នូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាន
ខណៈជណ្តើរត្រីគឺ ជាដំណោះស្រាយដ៏សំខាន់មួយ ទៅនឹងបញ្ហាប្រឈម ជលផលនានារបស់កម្ពុជា។
តាមរយៈគេហទំព័រហ្វេស ប៊ុករបស់ ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នាពេលថ្មីនេះ បានឲ្យដឹងថា ជណ្តើរត្រី ជាដំណោះស្រាយដ៏សំខាន់មួយ ទៅនឹងបញ្ហាប្រឈមជលផលនានា របស់កម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏អាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវទឹក និងរំខានដល់ការផ្លាស់ទីរបស់ត្រីផងដែរ ។ ជណ្តើរត្រីភូមិស្លែងនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសុខុមាលភាពសង្គម ក៏ដូចជាសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើត្រី ជាប្រភពអាហារ និងប្រាក់ចំណូល។
សូមបញ្ជាក់ថា ជណ្តើរត្រីភូមិស្លែង ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការហើយ ដោយឯកអគ្គរដ្ឋទូត វ៉ាយអេត រួមជាមួយ លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ជណ្តើរត្រីនេះនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាន ៕