ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

ក្នុងឱកាសបើកកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ (CCCS23) នាថ្ងៃ៣ វិច្ឆិកា នៅខេត្តសៀមរាប លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឲ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ដ្រីបន្ដថា តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តជាអាទិ៍ របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ (Updated Nationally Determined Contributions) ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀបចំ និងទទួលបានកិច្ចសហការពី MFI ក្នុងគោលបំណង ប្រមូលផ្តុំអ្នកពាក់ព័ន្ធ ជាពិសសេអ្នកជំនាញផ្នែកនេះ នឹងបើកឲ្យមានការពិភាក្សារួមគ្នា និងដោះស្រាយបញ្ហាប្រឈមរួមគ្នាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា៕

To Top