ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាសម្រេច គោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ចំនួន៤១,៧% ត្រឹមឆ្នាំ២០៣០

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ចំនួន ៤១,៧% នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។

ក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដោយមានការចូលរួម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា និងប្រធាននៃអង្គការ Mekong Future Initiative (MFI) នាថ្ងៃទី៣ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានថ្លែងថា ការប្រែប្រួលអាកាស ធាតុ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះពិភពលោក។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «កម្ពុជាបានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រជាច្រើន ក្នុងការកសាងក្របខ័ណ្ឌយុទ្ធ សាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ និងការដាក់ឱ្យដំណើរ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលដំណាក់កាលទី៧»។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអាត បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលយើងកំពុងប្រឈម។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយដើម្បី ពិភាក្សាអំពីសកម្មភាពជាក់ស្តែង ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង សម្រេចបាននូវអាព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។

លោកទូត បន្ថែមថា អូស្ត្រាលី កំពុងបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពលើបញ្ហាបម្រែបម្រួលអាកាស ធាតុនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធី CAPRED យើងនឹងតភ្ជាប់ភ្លើងអគ្គិសនីស្អាតទៅកាន់ភូមិដែល មិនមានថាមពលអគ្គិសនីប្រើប្រាស់ បង្កើនសុវត្ថិភាពទឹកតាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនៅ តាមជនបទនៃប្រទេសកម្ពុជា និងគាំទ្រគំរូអាជីវកម្មគ្មានកាកសំណល់ក្នុងវិស័យកសិកម្ម។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះ នៅពេលដែលកម្ពុជា និងពិភពលោកកំពុងរៀបចំសម្រាប់ សន្និសីទអាកាសធាតុពិភពលោក COP លើក ទី២៨ នៅទីក្រុងឌូបៃ។ លោក ឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិ ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការសម្រប សម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅឱ្យក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Disney និង Delta។

ប្រធានក្រុមប្រឹក្សានៃអង្គការ MFI អ្នកឧកញ៉ា សៀ រិទ្ធី មានប្រសាសន៍ថា កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីការយល់ដឹងរួមគ្នាថា ការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គឺមិនអាចកាត់ផ្តាច់ពីការគិតគូពីអនាគតរបស់មនុស្សជំនាន់ក្រោយ ប្រទេសជាតិ និងពិភពលោកបានទេ។ លោក បន្ដថា អង្គការ MFI បានពិនិត្យមើលលើបញ្ហាទាំងនេះ ហើយបានរកឃើញថា ការប្រែប្រួលអាកាសធាតុ គឺពិតជាបញ្ហាដ៏សំខាន់បំផុត ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។

លោក Allen Tan អគ្គនាយកនៃអង្គការ MFI មានប្រសាសន៍ថា កិច្ចប្រជុំកំពូលនៅឆ្នាំនេះបានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជាង ៣៣០ នាក់ រួមមានអ្នកជំនាញអាកាសធាតុ និងអ្នកពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍ ក៏ដូចជាតំណាងយុវជនដ៏លេចធ្លោផងដែរ។

លោក Markus Bürli នាយក SDC នៅកម្ពុជា បានមានប្រសាសន៍ថា «យើងត្រូវធ្វើឱ្យប្រាកដថា បច្ចេកវិទ្យា និងសេវាកម្មដែលបានបង្កើតឡើង អាចជួយកាត់បន្ថយ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់ឱ្យអនុវត្ត»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមួយនេះ បានទទួលការឧបថ្ថម្ភពីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) តាមរយៈការរៀបចំពិព័រណ៍ស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងបើកឱ្យមានការចូលរួមទស្សនា ជាសាធារណៈពេញមួយកិច្ចប្រជុំដើម្បីបង្ហាញពីបច្ចេកវិទ្យា និងវិធីសាស្រ្តដែលផ្តោតលើបញ្ហាអាកាសធាតុ៕

To Top